មានអ្នកបាត់បង់ ជីវិត ដោយសារវីរុសកូរ៉ូណា ជាលើកដំបូងនៅតំបន់អាស៊ានយើង
សង្គម February 2, 2020 SAM

ទីក្រុងម៉ានីល៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយប្រកាសនៅថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ឆ្នាំ២០២០នេះថា មានជនរងគ្រោះម្នាក់នៅឯប្រទេសហ្វីលីពីន បានបាត់បង់ជីវិត ដោយសារតែវីរុសកូរ៉ូណា ដែលនេះជាករណីទី១មានអ្នកស្លាប់នៅក្រៅប្រទេសចិន។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះជាបុរសមានអាយុ៤៤ឆ្នាំ ជាពលរដ្ឋមកពីទីក្រុងវូហាន ដែលជាកន្លែងផ្ទុះវីរុសនេះ។

អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា បុរសជនរងគ្រោះនោះគឺជាអ្នកឆ្លងវីរុសកូរ៉ូណាទី២នៅក្នុងប្រទេសហ្វីលីពីន ហើយគាត់បានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។ មន្រ្តីនាយកដ្ឋានសុខាភិបាលនៅប្រទេសហ្វីលីពីនបានបញ្ជាក់ពីការស្លាប់នេះនៅក្នុងសន្និសីទសារព័ត៌មានមួយនាព្រឹកថ្ងៃអាទិត្យនេះ។ មន្ត្រីសុខាភិបាលហ្វីលីពីនទើបតែប្រកាសពីករណីឆ្លងវីរុសកូរ៉ូណាជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថ្មីៗប៉ុណ្ណោះ៕